អស្ចារ្យណាស់! យុវតី​ខ្មែរ​ចេះ​ច្រើន​ភាសា​ បុស្បា ប៉ាន់ បញ្ចប់​ការសិក្សា​ជំនាញ​សិល្បៈ​នៅ​អាមេរិក…..!

0
399

ភ្នំពេញៈ យុវតី បុស្បា ប៉ាន់ ដែល​មាន​រូបឆោម​លោម​ពណ៌​ល្អ​ក្នុង​វ័យ ២០ ​ឆ្នាំ​ ខណៈ​នាង​បាន​បញ្ចប់​ការសិក្សា​ថា្នក់​បរិញ្ញាបត្រ​លើ​ជំនាញ​សិល្បៈ​ចម្រៀង និង​និពន្ធ​ភ្លេង​នៅ​សាកលវិទ្យាល័យ​សិល្បៈ​មួយ​ឈ្មោះ​ថា New England Conservatory នៅឯ​ទីក្រុង​បូស្តុន រដ្ឋ​ម៉ាសេជូសេត សហរដ្ឋអាមេរិក​នៅ​ឆ្នាំនេះ​។
យុវតី​ដែល​មាន​ដុង​សិល្បៈ​តាំងពី​កុមារភាព ដោយសារ​ចេះ​និពន្ធ​បទចម្រៀង​ច្រៀង​ខ្លួនឯង និង​អាច​លេង​ឧបករណ៍​តន្ត្រី​ដូចជា វីយូឡុង និង​ព្យ៉ាណូ​តាំងពី​នៅ​ចន្លោះ​វ័យ ៩ ឆ្នាំទៅ ១៣ ឆ្នាំ បុស្បា ប៉ាន់ ដែល​ជា​ក្មួយ​ស្រី​របស់​ផលិតករ​ភាពយន្ត​ឯកសារ​ដ៏ល្បី​នៅ​ប្រទេស​កម្ពុជា​គឺ​លោក រិទ្ធី ប៉ាន់ បាន​បង្ហើរ​សារ​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​ខ្លួន​ស្តីពី​ការបញ្ចប់​ការសិក្សា​ជំនាញ​សិល្បៈ​របស់​ខ្លួន កាលពី​ចុង​សប្តាហ៍​មុន​។ កញ្ញា បុស្បា ប៉ាន់ បាន​សរសេរ​ថា​៖ «​ខ្ញុំ​បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ New England Conservatory of Music (NEC) ​នៅ​ថ្ងៃ​អាទិត្យ​នេះ ហើយ [​អាទិត្យ​ទី​ ២៦ ខែ​ឧសភា​]!​។ ឱកាស​នេះ​សំខាន់​ណាស់​សម្រាប់​នាង​ខ្ញុំ ដែល​អាច​ពាក់​ឈុត​ឯកសណ្ឋាន​បង្ហាញ​ពី​ឫសគល់​នៃ​កំណើត​ខ្លួន​បាន​។ វា​ជា​ការពិត​គឺ​ខ្ញុំ​នឹង​ឡើង​លើ​វេទិកា​ជាមួយ​ឈុត​ឯកសណ្ឋាន​តំណាង​នេះ ដើម្បី​បង្ហាញ​អ្នក​នៅ​ទីនេះ [​អាមេរិក​]​។ នេះ​គឺជា​វេលា​ចុងក្រោយ​ដែល​ខ្ញុំ​បាន​បញ្ចប់​ការសិក្សា​នូវ​ជំនាញ​របស់​ខ្ញុំ ហើយ​ក៏​មិន​ភ្លេច​ឡើយ​អ្នក​ដែល​ចូលរួម​សម្រាប់​សមិទ្ធផល​នេះ​មាន​ដូចជា​មិត្តភក្តិ លោកគ្រូ​អ្នកគ្រូ បុគ្គលិក​សាលា និង​ជាពិសេស​គ្រួសារ​របស់​ខ្ញុំ​ដែល​តែងតែ​បាន​គាំទ្រ និង​ផ្គត់ផ្គង់​ដល់​ខ្ញុំ​អស់​រយៈពេល ៧ ឆ្នាំ​មក​នេះ​ដើម្បី​សម្រេច​លើ​ការសិក្សា​នៅក្នុង​ឆ្នាំ​ ២០១៩ នេះ​»​។

បុស្បា ប៉ាន់ ដែល​ចេះ​ទាំង​ច្រៀង និង​និពន្ធ​ទំនុក​ភ្លេង​បាន​យ៉ាង​ល្អ​។ រូបថត ហ្វេសប៊ុក
កញ្ញា បុស្បា ក៏បាន​បន្ថែម​ឲ្យ​ដឹង​ពី​ការសរសេរ​សារណា​បញ្ចប់​ការសិក្សា ថ្នាក់​បរិញ្ញាបត្រ​របស់​ខ្លួន​ផង​ដែរ​ពេល​ឆ្លើយឆ្លង​តប​ជាមួយ​នឹង​ភ្នំពេញ​ប៉ុស្តិ៍​តាម​ឆាត Messenger នៃ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា​៖ «​ចំពោះ​ការសរសេរ សារណា​បញ្ចប់​ជំនាញ​របស់​នាង​ខ្ញុំ​នៅ​សាកលវិទ្យាល័យ NEC ឆ្នាំ​នេះ​បាន​យក​ប្រធានបទ​មួយ​មាន​ចំណងជើង​ថា «​ទិដ្ឋភាព​សិល្បៈ​នៅក្នុង​សង្គម​ខ្មែរ​ក្រោយ​របប​ប្រល័យ​ពូជសាសន៍ ឬ Arts in Post-Genocide Cambodian Society ហើយ​ក៏​គ្រោង​បោះពុម្ព​ឆាប់ៗ​នា​អំឡុង​រដូវក្តៅ​នេះ ឬ​ក៏​អាច​នៅ​ដើមរដូវ​ស្លឹកឈើ​ជ្រុះ​ហើយ​!»​។

ពេល​សាកសួរ​ថា​តើ បុស្បា ប៉ាន់ អាច​ប្រៀបធៀប​សិល្បៈ​នៅ​កម្ពុជា និង​សាលា NEC បាន​ដែរ​ឬទេ ហើយ​មាន​គម្រោង​យ៉ាង​ណា​ក្រោយពី​បញ្ចប់​ការសិក្សា​នេះ​ទៅ​?
បុស្បា ប៉ាន់ ដែល​ជា​យុវតី​ខ្មែរ​អាច​និយាយ​ភាសា​បារាំង​ជា​ភាសា​ទី​ ១ ភាសា​អង់គ្លេស​ជា​ភាសា​ទី​ ២ ហើយ​បន្ទាប់មក​ទៀត​គឺ​ភាសា​ខ្មែរ និង​ភាសា​ចិន​មាន​កម្រិត​ប្រហាក់ប្រហែល​គ្នា​នោះ​បាន​បង្ហើប​ឲ្យ​ដឹងថា​៖ «​កាលពី​ឆ្នាំ​ទៅ​ខ្ញុំ​បាន​ឃើញ​ក្រុម​និស្សិត​ ២ ​រូប​នៅ NEC បាន​បង្ហាញ​ពី​ភាព​ខុសគ្នា​ស្តីពី​រឿងរ៉ាវ និង​វប្បធម៌​របស់​ពួកគេ​នៅ​សាលា​យើង ដែល​វា​ក៏​ជា​ឱកាស​សម្រាប់​ពួកយើង​ជា​និស្សិត​ទទួល​បាន​នូវ​ការតំណាង​របស់​ខ្លួន​ដ៏ពិសេស​ផងដែរ​។ ខណៈ​រូបនាង​ខ្ញុំ ក៏​ជា​សិស្ស​ច្បង​របស់​ពួកគេ​កាលពី​ឆ្នាំ​មុន និង​នៅ​ឆ្នាំ​នេះ ខ្ញុំ​បាន​ក្លាយ​ជា​ផ្នែក​សមាជិក​ដឹកនាំ​នៃ​ក្រុមប្រឹក្សា និស្សិត​របស់​សាលា​ផង​ដែរ​»​។ បុស្បា បន្ត​ថា​៖ «​ក្រោយពី​ចប់​ការសិក្សា​នេះ​ទៅ ខ្ញុំ​ក៏​មាន​បំណង​ចង់​ស្រាវជ្រាវ​ទៅ​លើ​សិល្បៈ​តូរ្យតន្ត្រី​ខ្មែរ​សម្រាប់​បន្ថែម​លើ​វិស័យ​អក្សរសិល្ប៍​ ឬ​អក្សរសាស្ត្រ​ខ្មែរ​។ ខ្ញុំ​យល់ថា​នឹង​ធ្វើ​ការងារ​លើ​ ៣ ​ផ្នែក​គឺ​ស្រាវជ្រាវ​និពន្ធ និង​រៀបចំ​គោលការណ៍​ពី​សិល្បៈ​។ បើ​មិន​មាន​យល់ដឹង​ឆ្លាស់​គ្នា​នៃ​ផ្នែក​ទាំង​ ៣ ​នេះ​ទេ​គឺ​ពិតជា​មិន​អាច​ក្លាយ​ជា​អ្នកដឹកនាំ​ល្អ ជា​អ្នកនិពន្ធ​អាជីព​ ឬ​ជា​អ្នកស្រាវជ្រាវ​ល្អ​នោះ​ឡើយ​»៕ប្រភព៖postkhmer

LEAVE A REPLY

Please enter your comment!
Please enter your name here